កម្មវិធីជាតិកំចាត់រោគរបេងៈ ផែនការយុទ្ធសាស្ត្រក្នុងការប្រយុទ្ធនឹងជំងឺរបេង ២០១១-២០១៥
1. គោលបំណង
គោលបំណងចំបងរបស់កម្មវិធីជាតិកំចាត់រោគរបេង នៅក្នុងព្រះរាជាណាចក្រកម្ពុជាគឺ ចូលរួមចំណែកក្នុងការលើកកំពស់សុខភាពរបស់ប្រជាជនកម្ពុជាដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច និងការកាត់បន្ថយភាពក្រីក្រ ដោយធ្វើការកាត់បន្ថយអាត្រាឈឺ និងអាត្រាស្លាប់ដែលបណា្តលមកពីជំងឺរបេង។
ទិសដៅជារួមរបស់កម្មវិធីជាតិកំចាត់រោគរបេង សំរាប់ឆ្នាំ២០១១-២០១៥គឺធានានូវសមធម៌ និងការទទួលបាននូវសេវារបេងជាសកលប្រកបដោយគុណភាព រក្សាអាត្រាជាសៈស្បើយជំងឺរបេងសួតវិជ្ជមានបេកាអោយលើសពី៨៥% ព្រមទាំងកាត់បន្ថយអាត្រាប្រេវ៉ាឡង់ និងស្លាប់ដោយសារជំងឺរបេងអោយបាន៥០% ធៀបនឹងតួលេខឆ្នាំ១៩៩០ ដើម្បីចូលរួមចំណែកក្នុងការសំរេចគោលដៅអភិវឌ្ឍន៍សហស្សវត្សនៅឆ្នាំ ២០១។
2. ទិសដៅចំបង
ទិសដៅ១: ពង្រឹង និងរក្សាសេវាជំងឺរបេងប្រកបដោយគុណភាព នៅទូទាំងប្រទេស ក្នុងគោលបំណងធ្វើអោយសំរេចបានសេវាធ្វើរោគវិនិច្ឆ័យ និងព្យាបាលជាសកល។
ទិសដៅ២: លើកកំពស់ និងធានាការចូលយកបាននូវសេវារបេងប្រកបដោយសមធម៌ ដោយផ្តោតសំខាន់លើប្រជាជនក្រីក្រ និងការចូលរួមពីសហគមន៍។
ទិសដៅ៣: ដោះស្រាយប្រកបដោយប្រសិទ្ធភាពនូវ បញ្ហាជំងឺរបេង/អេដស៍ ជំងឺរបេងស៊ាំនឹងថ្នាំ ជំងឺរបេងកុមារ និងក្រុមមានហានិភ័យខ្ពស់ព្រមទាំងបញ្ហាប្រឈមផ្សេងៗទៀត។
ទិសដៅ៤: ធានាអោយមានធនធានគ្រប់គ្រន់ និងពង្រឹងការសហការ សំរបសំរួលក្នុងការងារប្រយុទ្ធនឹងជំងឺរបេងព្រមទាំងចូលរួមចំណែកក្នុងការពង្រឹងប្រព័ន្ធសុខាភិបាល។
ទិសដៅ៥: ពង្រឹងប្រព័ន្ធតាមដាន និងវាយតំលៃ ព្រមទាំងជំរុញសកម្មភាពសិក្សាស្រាវជ្រាវពាក់ព័ន្ធនឹងការងារប្រយុទ្ធនឹងជំងឺរបេង។
សាវតាពត៌មានស្តីជំងឺរបេងនិងកម្មវិធីជាតិកំចាត់រោគរបេង
ជំងឺរបេងក្នុងប្រទេសកម្ពុជាៈប្រទេសកម្ពុជាបានសំរេចនូវសមិ្ធទិផលដ៏គួរអោយចាប់អារម្មណ៍ក្នុងការប្រយុទ្ធនឹងជំងឺរបេង។ តាមរយៈការធ្វើអង្កេតស្រាវជ្រាវរបេងថ្នាក់ជាតិជាបន្តបន្ទាប់ បានបង្ហាញថា របេងសួតកំហាកវិជ្ជមានបានថយចុះ៣៦% ក្នុងរវាងឆ្នាំ២០០២ និង២០១១ គឺមានន័យថា បានចុះពី ២៦៩/១០០,០០០ ក្នុងឆ្នាំ២០០២ មកដល់ ១៧១/១០០,០០០ ក្នុងឆ្នាំ២០១។ ប្រទេសកម្ពុជាសំរេចបាននូវទិសដៅអភិវឌ្ឍន៍សហស្សវត៍ (MDG)ក្នុងការកាត់បន្ថយអត្រាស្លាប់បានពាក់កណ្តាល នៅឆ្នាំ២០១៥ ធៀបនឹងឆ្នាំ១៩៩០ ហើយកំពុងស្ថិតនៅលើផ្លូវដ៏ត្រឹមត្រូវមួយឆ្ពោះទៅការកាត់បន្ថយអត្រាប្រេវ៉ាឡង់ជំងឺរបេងឲ្យ បានពាក់កណា្តលនៅមុនឆ្នាំ២០១។ ក៏ប៉ុន្តែ ស្ថិតនៅក្នុងស្ថានភាពបន្ទុកជំងឺរបេងធ្ងន់ធ្ងរបៀបនេះ ប្រទេសកម្ពុជានៅតែជាប្រទេសមួយក្នុងចំនោមប្រទេសដ៏ ទៃទៀត ដែលមានអត្រាអាំងស៊ីដង់ និងអត្រាប្រេវ៉ាឡង់ជំងឺរបេងខ្ពស់បំផុតនៅលើពិភពលោក។ ការអង្កេតស្រាវជ្រាវរបេងស៊ាំថ្នាំ(DRS)ឆ្នាំ២០០៧ បានបង្ហាញថា របេងស៊ាំថ្នាំច្រើនមុខចំពោះករណីថ្មីមាន១.៤% និងរបេងស៊ាំថ្នាំច្រើនមុខចំពោះករណីព្យាបាលសារឡើងវិញមាន១០.៥% ដែលទាំងនេះបានបង្ហាញថា មានការកើនឡើងពីការអង្កេតស្រាវជ្រាវលើកទី១ នៅឆ្នាំ២០០១ ដែលមានរបេងស៊ាំថ្នាំច្រើនមុខ ០/៦៣៨(០%)ចំពោះករណីថ្មី និង៣/៩៦(៣.១%) ចំពោះករណីព្យាបាលសារឡើងវិញ។ ការអង្កេតស្រាវជ្រាវរកប្រេវ៉ាឡង់មេរោគអេដស៍ ក្នុងចំណោមអ្នកជំងឺរបេងឆ្នាំ២០០៩ បានបង្ហាញឲ្យឃើញថា មានការថយចុះមកនៅអត្រា៦.៣% តែទោះបីមាន ការថយចុះគួរអោយកត់សំគាល់ពីកំរិតកំពូល១១.៨%ក្នុងឆ្នាំ២០០៣ក៏ដោយ ក៏អត្រានេះនៅតែបងើ្កតឲ្យមាននូវអេពីដេមីជំងឺរបេង/អេដស៍ខ្ពស់នៅឡើយ។
រចនាសម្ព័នសេវាជំងឺរបេងៈ កម្មវិធីជាតិកំចាត់រោគរបេង និងហង់សិន របស់ក្រសួងសុខាភិបាលកំពុងធ្វើការសំរបសំរួលរាល់ សកម្មភាពកំចាត់រោគរបេងក្នុងព្រះរាចជាណាចក្រកម្ពុជា។ ប្រទេសកម្ពុជាបានបែងចែកជា២៤ខេត្ត-ក្រុងរដ្ឋបាល និង១៨៤ស្រុករដ្ឋបាល។ចំពោះការផ្តល់សេវាថែទាំសុខាភិបាល ២៤ខេត្តក្រុង ត្រូវបានបែងចែកជា៧៧ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ។ នៅថ្នាក់ខេត្ត មានមន្ទីសុខាភិបាលខេត្តដែលទទួលខុសត្រូវ ការងារប្រយុទ្ធជំងឺរបេងនៅក្នុងខេត្ត។ នៅមន្ទីសុខាភិបាលខេត្ត ក៏មានអ្នកអភិបាលរបេងខេត្ត២នាក់ ដែលម្នាក់ ទទួលខុសត្រូវ ផ្នែកវេជ្ជសាស្ត្រ និងមា្នក់ទៀតទទួលខុសត្រូវផ្នែកមន្ទីរពិសោធន៍។ អ្នកអភិបាលរបេងខេត្តមានតួនាទី ទទួលខុសត្រូវក្នុងការធ្វើផែនការ ក្នុងការសំរបសំរួល និងការចុះអភិបាលការងាររបេង និងជាអ្នកទទួលខុសត្រូវ ក្នុងការប្រមូល និងផ្ញើរបាយការណ៍របេងប្រចាំត្រីមាស ពីស្រុកប្រតិបតិ្តក្នុងខេត្តរបស់ខ្លួនមកកាន់កម្មវិធីជាតិ។ស្រុកប្រតិបតិ្តនីមួយៗ មានមន្ទីពេទ្យបង្អែករបស់ខ្លួន និងមណ្ឌលសុខភាពមួយសំរាប់គ្របដណ្តប់ រាល់ប្រជាជន១០,០០០នាក់។ ស្រុកប្រតិបតិ្តនីមួយៗ មានអ្នកអភិបាលរបេងស្រុកប្រតិបតិ្តម្នាក់ដែលទទួល
ខុសត្រូវក្នុងការចុះអភិបាលការងារតាមមណ្ឌលសុខភាពនិងធ្វើរបាយការណ៍ និងរាយការណ៍សកម្មភាពការងារក្នុង ស្រុកប្រតិបតិ្តរបស់ខ្លួនមកកាន់មន្ទីរសុខាភិបាលខេត្ត។ បន្ថែមពីនេះទៅទៀត បណ្តាញនៃអ្នកស្ម័គ្រសហគមន៍បានចូលរួមជាដៃគូ តាមរយៈដូតស៍សហគមន៍ ដែលហៅកាត់ថា C-DOTSហើយកម្មវិធីនេះបានជំរុញផ្សព្វផ្សាយពត៌មានទាក់ទងពីជំងឺរបេង កំណត់បានករណីរបេងសង្ស័យ និងបញ្ជូនករណីរបេងសង្ស័យមក មណ្ឌលសុខភាពដើម្បីស្រាវជ្រាវរកជំងឺរបេង ម្យ៉ាងវិញទៀតអ្នកស្ម័គ្រចិត្តទាំងនោះបានដើរតួសំខាន់ជាអ្នកឃ្លាំមើលការលេបថ្នាំ(DOT Watcher)ចំពោះអ្នកជំងឺរបេងនៅក្នុងសហគមន៍របស់ពួកគេទៀតផង។
យុទ្ធសាស្ត្រប្រយុទ្ធជំងឺរបេងក្នុងព្រះរាជាណាចក្រកម្ពុជាៈ ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការក្នុងការប្រយុទ្ធជំងឺរបេងនៅក្នុងព្រះរាជាណាចក្រកម្ពុជា កម្មវិធីជាតិកំចាត់រោគរបេង(NTP)ត្រូវបានបង្កើតឡើងចាប់តាំងពីឆ្នាំ១៩៨។ ពីឆ្នាំ១៩៨០ ដល់ឆ្នាំ១៩៩៣ វិធីសាស្ត្រព្យាបាលរបេងរយៈពេលវែងត្រូវបានអនុវត្ត។ ការព្យាបាលរបេងដោយយុទ្ធសាស្ត្រ ដូតស៍បានចាប់ផ្តើមអនុវត្ត នៅតាមមន្ទីពេទ្យរដ្ឋក្នុងឆ្នាំ១៩៩៤ ហើយបានពង្រីកការគ្របដណ្តប់យុទ្ធសាស្ត្រដូតស៍នៅថ្នាក់មណ្ឌលសុខភាពបានជោគជ័យ១០០%ក្នុងឆ្នាំ២០០។ កម្មវិធីជាតិកំចាត់រោគរបេង សំរេចបាននូវសមិទ្ធិផលដ៏ធំធេងគួរអោយកត់សំគាល់ ក្នុងការធ្វើអោយប្រសើរឡើង នូវស្ថានភាពជំងឺរបេងក្នុងប្រទេសកម្ពុជា តាមរយៈការគ្របដណ្តប់យុទ្ធសាស្ត្រដូតស៍ទូទាំងប្រទេសកនៅឆ្នាំ២០០៤ ការរក្សាបាននូវអត្រាជាសៈស្បើយលើសពី៩០% ក្នុងរយៈពេល១៣ឆ្នាំកន្លងមកនេះ។ ទោះបីជាអត្រាស្រាវជ្រាវករណីជំងឺរបេងបេកាបូកបានថយចុះនៅក្នុងរយៈពេលប៉ុនា្មនឆ្នាំថ្មីៗនេះក៏ដោយ ក៏ចំនួនករណីជំងឺរបេងសរុប មានការកើនឡើងជារហូតដល់ឆ្នាំ២០១០ មួយផ្នែក គឺដោយសារតែបង្កើនការផ្តោតយកចិត្តទុកដាក់ និងការពង្រឹងសមត្ថភាព ក្នុងការធ្វើរោគ វិនិច្ឆ័យជំងឺរបេងសួតបេកាដក។ នៅក្នុងឆ្នាំ២០១១ ចំនួនករណីជំងឺរបេង (គ្រប់សណ្ឋាន)ដែលបានចុះបញ្ជី ព្យាបាលនៅក្នុងកម្មវិធីជាតិមានការថយចុះ ជាលើកទីមួយហើយ មកនៅត្រឹម ចំនួន៣៩,៦៧០ករណី ចំណែកឯ ការព្យាបាលជោគជ័យករណីជំងឺរបេងសួតបេកាបូកថ្មីនៅតែរក្សាបាននៅអត្រា៩៤%នៅឡើយ។
ដៃគូរបស់កម្មវិធីជាតិកំចាត់រោគរបេងៈ ការប្រយុទ្ធនឹងជំងឺរបេង គឺជាអតិភាពមួយរបស់ក្រសួងសុខាភិបាលក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក ហើយការប្តេជ្ញាចិត្តទាំងនេះ បានត្រួសត្រាយផ្លូវដល់ម្ចាស់ជំនួយ និងទីភ្នាក់ងារបច្ចេកទេសទាំងឡាយ ក្នុងការចូលរួមវិភាគទានដល់ការខិតខំប្រឹងប្រែងទាំងនេះ។ ម្ចាស់ជំនួយសំខាន់ៗសំរាប់កម្មវិធីជាតិកំចាត់រោគរបេងក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ រួមមាន អង្គការសុខភាពពិភពលោក ទីភ្នាក់ងារអភិវឌ្ឍន៍ អន្តរជាតិកាណាដា(CIDA) ធនាគារពិភពលោក ទីភ្នាក់ងារសហប្រតិបតិ្តការអន្តជាតិជប៉ុន(JACA) មូលនិធិសកលប្រយុទ្ធនឹងជំងឺអេដស៍ របេងនិងគ្រុនចាញ់(GFATM)អង្គការUS-CDC និងអង្គការUSAID។ក្រុមការងារបច្ចេកទេសដែលបានគាំទ្រមកដល់កម្មវិធីជាតិកំចាត់រោគរបេង មានៈ សមាគមន៍ប្រយុទ្ធជំងឺរបេងកម្ពុជា(CATA) អង្គការCHCអង្គការCRSអង្គការFHIអង្គការHEADសមាគមន៍ប្រយុទ្ធជំងឺរបេង ជប៉ុនJATA/RITអង្គការសុខភាពគា្មនព្រំដែនបារាំង (MSF-F) អង្គការPATHអង្គការPFHAD វិទ្យាស្ថានប៉ាស្ទឺកម្ពុជា អង្គការRACHAអង្គការRHACអង្គការSCAអង្គការTBCAP/TBCARE1 (ដែលមានJATA,WHO,FHI,KNCV,US-CDC,WHO) អង្គការ VOR-ORT។ល។