សាររបស់នាយកមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន

 

ខ្ញុំសូមថ្លែងអំណរគុណចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងអ្នកនាងកញ្ញា​ដែលបាន​ចូលមកទស្សនា​គេហទំព័រ​ ​នៃ​មជ្ឈមណ្ឌលកំចាត់រោគរបេង ​និង​ហង់សិន​(CENAT)របស់​ក្រសួង​សុខាភិបាល​ នៃព្រះរាជា​ណា​ចក្រកម្ពុជា​​ ដែលបានដាក់ឲ្យដំណើរការជាផ្លូវការនៅថ្ងៃទី​ ១​​ ខែ កក្កដា​ ឆ្នាំ២០១២។

ទោះបើជា មានការអភិវឌ្ឍន៍ជាច្រើន​ ក្នុងការប្រយុទ្ធនឹងជំងឺរបេង​ក្នុងរយៈពេលប៉ុនា្មនឆ្នាំថ្មីៗនេះ ក៏ដោយ ក៏ប្រទេសកម្ពុជា នៅតែជាប្រទេសមួយដែលមានបន្ទុកជំងឺរបេងខ្ពស់បំផុត​ក្នុងពិភពលោក។​ ​ដូច្នេះវាមាន​សារៈសំខាន់ខ្លាំងណាស់​ ក្នុងការបង្កើនការឆ្លើយតបប្រកបដោយភាពរឹងមាំ និងសហការល្អពីគ្រប់ដៃ​គូ​ទាំងអស់​ ក្នុងការប្រយុទ្ធ​​នឹងជំងឺរបេង​នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ខ្ញុំសង្ឈឹមថា​គេហទំព័រនេះ​នឹង​ប្រើប្រាស់ជាប្រយោជន៍ក្នុងការរក្សាទុកទិន្ន័យ និងចែកចាយ​ឯកសារ​ ព្រមទាំងរបាយការណ៍ដែល​ពាក់ពន្ធ័​នឹងកម្មវិធីជាតិកំចាត់​រោគរបេង(NTP)ហើយតាមរយៈគេហទំព័រនេះ យើង​នឹងអាចមាន​លទ្ធភាព​ក្នុង​ការរៀបចំ និងដំណើរការអនុវត្តន៍កម្មវិធីជាតិប្រកបដោយប្រសិទ្ធិភាព​ និង​ធ្វើការសំរបសំរួលរាល់ការ​ខិត​ខំ​ប្រឹងប្រែងរបស់យើងក្នុងការប្រយុទ្ធនឹងជំងឺរបេងក្នុងប្រទេសកម្ពុជា និងនៅលើសកលលោក។

ឯកឧត្តម លោកជំទាវ លោក លោកស្រី និងអ្នកនាងកញ្ញានឹងរកឃើញនូវព៌តមានស្តីពី​គោល​នយោ​បាយ​ និង​ផែន​ការ​​យុទ្ធសាស្រ្តសុខាភិបាលជាតិស្តីពីការប្រយុទ្ធនឹងជំងឺរបេង សេចក្តីណែនាំបច្ចេកទេស ឯកសារ​បោះ​ពុម្ព​ផ្សព្វ​ផ្សាយមួយចំនួន និងរបាយការណ៍ថ្មីៗរបស់ស្រុកប្រតិបត្តិ​ និងខេត្តទូទាំងប្រទេស។ ខ្ញុំសង្ឃឹម​ថា ឯកឧត្តម លោកជំទាវ លោក លោកស្រី និងអ្នកនាងកញ្ញា​នឹងរកឃើញថា ជាព៌តមានដ៏មាន​ប្រយោជន៍​ក្នុង​ការងារ​របស់លោកយើង។ ខ្ញុំសូមស្នើសុំឯកឧត្តម អស់លោក លោកស្រី និងអ្នកនាងកញ្ញាជួយចែក​រំលែក​ព៌តមាន​ និងកិច្ចការទទួលបានជោគជ័យ ដែលបានបង្ហោះនៅលើ​គេហទំព័រ​របស់មជ្ឈមណ្ឌលជាតិ​កំចាត់រោគរបេង និងហង់សិន។

          យើងខ្ញុំសូមថ្លែងអំណរគុណចំពោះដៃគូទាំងអស់ដែលបាន និងបន្តការគាំទ្រ​សកម្មភាពប្រយុទ្ធនឹង​ជំងឺ​របេងនៅ​ក្នុងព្រះរាជាណាចក្រកម្ពុជា។ ​យើងខ្ញុំរង់ចាំទទួលព៌តមានត្រឡប់ និងសំណូមពរទាំងឡាយ របស់លោកអ្នក ដើម្បីធ្វើយ៉ាងណាអោយ គេហទំព័រនេះកាន់តែមានភាពល្អប្រសើរ ដើម្បីផ្តល់​អត្ថប្រយោជន៍​​ដល់អ្នកប្រើប្រាស់ទាំងអស់។

វេជ្ជបណ្ឌិត ហួត ចាន់យុដា

នាយកមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន